លក្ខខណ្ឌនៃការប្រើ


លក្ខខណ្ឌនៃការប្រើប្រាស់គេហទំព័រប្រាប់អំពីលក្ខខណ្ឌមួយចំនួនដែលអ្នកប្រើប្រាស់ត្រូវគោរពដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍ទាំងសងខាងគឺខាងក្រុមហ៊ុនសង្កប្ប និងខាងអ្នកប្រើប្រាស់។

គេហទំព័រសង្កប្បគឺជាកម្មសិទ្ធិអ្នកនិពន្ធរបស់ក្រុមហ៊ុនសង្កប្បអនុវត្តន៍ ដែលបានចុះបញ្ជីពាណិជ្ជកម្មធ្វើអាជីវកម្មបោះពុម្ព ស្រាវជ្រាវ និងបណ្ដុះបណ្ដាល។

លក្ខខណ្ឌនៃការប្រើប្រាស់ក្ដោបលើការប្រើប្រាស់គ្រប់ទម្រង់ និងឧបករណ៍។

នៅពេលអ្នកប្រើប្រាស់ចុះឈ្មោះដើម្បីប្រើប្រាស់គេហទំព័រ អ្នកប្រើប្រាស់ត្រូវគូសសញ្ញាក្នុងប្រអប់ “យល់ព្រម” ជាមុនសិន។ នៅពេលអ្នកប្រើប្រាស់គូសសញ្ញាយល់ព្រម មានន័យថា អ្នកប្រើប្រាស់យល់ព្រមនឹងលក្ខខណ្ឌនានា ដែលកំណត់ដោយក្រុមហ៊ុនសង្កប្បអនុវត្តន៍។ សូមអានលក្ខខណ្ឌនីមួយៗ​ ដោយប្រយ័ត្ន និងសាកសួរមកក្រុមហ៊ុន ប្រសិនបើលោកអ្នកមានចម្ងល់ត្រង់ចំណុចណាមួយនៃលក្ខខណ្ឌប្រើប្រាស់។

១         សេវា

ក្រុមហ៊ុនសង្កប្បបោះពុម្ពលំហាត់សម្រាប់សិស្សានុសិស្សរៀនភាសាខ្មែរ និងគណិតវិទ្យាដើម្បីពង្រឹងចំណេះដឹង​មុខវិជ្ជាផង និងពង្រឹងការគិតផង ទាំងក្នុងទម្រង់អនឡាន និងទម្រង់សៀវភៅ។ ប៉ុន្តែ យើងធ្វើកិច្ចការនេះជាដំណាក់កាល។ សម្រាប់អ្នកប្រើប្រាស់ដែលប្រើសេវាអនឡាញ សូមពិនិត្យឱ្យបានល្អិតល្អន់ថាតើមានសេវាអនឡាញអ្វីខ្លះ ដែលមានប្រយោជន៍សម្រាប់ខ្លួន។ ឧទាហរណ៍ នៅឆ្នាំ២០១៨ យើងមានសេវាសិក្សាតែសម្រាប់ភាសាខ្មែរ និងភាសាអង់គ្លេសប៉ុណ្ណោះ។ នៅពេលបន្តិចទៀត យើងនឹងមានសេវាសិក្សាគណិតនិងវិទ្យាសាស្រ្តផងដែរ។  សម្រាប់សេវាភាសាខ្មែរដែលមានស្រាប់ យើងក៏នឹងបន្ថែមសកម្មភាពជាបន្តបន្ទាប់ ដើម្បីឱ្យវាឆ្លើយតបកាន់តែទូលំទូលាយ សម្រាប់តម្រូវការអ្នកសិក្សា ដែលមានរបៀបរៀន និងសមត្ថភាពខុសៗគ្នា។ ខ្លឹមសារក្នុងទំព័រត្រូវធ្វើបច្ចុប្បន្នភាពជាទៀងទាត់។ យើងខ្ញុំមិនធានាខុសត្រូវចំពោះការប្រែប្រួលនានានោះទេ។

២         ការចុះឈ្មោះប្រើប្រាស់សេវា

ទោះបីជាសេវារបស់យើងខ្ញុំត្រូវបានរៀបចំសម្រាប់កុមារកំពុងរៀននៅមត្តេយ្យសិក្សា ឬបឋមសិក្សាក៏ដោយ ការចុះឈ្មោះប្រើប្រាស់ត្រូវធ្វើឡើងតាមរយៈឪពុកម្ដាយ ឬអាណាព្យាបាលដែលមានអាយុយ៉ាងតិច១៨ ឆ្នាំ។ ក្នុងករណីចាំបាច់ យើងខ្ញុំនឹងទាក់ទងទៅអ្នកប្រើប្រាស់ដោយផ្ទាល់ដើម្បីធានាថាកុមារដែលប្រើប្រាស់សេវាយើងខ្ញុំ​បានទទួលការយល់ព្រម និងការគាំទ្រពីឪពុកម្ដាយ ឬអាណាព្យាបាល។  នៅពេលចុះឈ្មោះប្រើប្រាស់ អ្នកប្រើប្រាស់ត្រូវធានាថា ព័ត៌មានដែលខ្លួនប្រើប្រាស់ដើម្បីចុះឈ្មោះជាព័ត៌មានពិត និងពេញលេញ។ ក្នុងករណី ក្រុមហ៊ុនសង្ស័យអំពីភាពពិត និងភាពពេញលេញនៃព័ត៌មាន ក្រុមហ៊ុននឹងទាក់ទងទៅអ្នកប្រើប្រាស់ ឬផ្អាកការប្រើប្រាស់ ឬបញ្ចប់ការប្រើប្រាស់ រហូតដល់លក្ខខណ្ឌនៃការប្រើប្រាស់ត្រូវបានបំពេញត្រឹមត្រូវឡើងវិញ។


ដើម្បីប្រើប្រាស់សេវា អ្នកប្រើប្រាស់ត្រូវមានឧបករណ៍ ដូចជាកុំព្យូទ័រ ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ដែលមានភ្ជាប់អ៉ីនធឺណិត ដែលជាការទទួលខុសត្រូវទាំងស្រុងរបស់ភាគីអ្នកប្រើប្រាស់។

៣         ព័ត៌មានអំពីគណនីអ្នកប្រើប្រាស់

គណនីអ្នកប្រើប្រាស់មានគណនីឪពុកម្ដាយឬអាណាព្យាបាល និងគណនីកូន។ ឪពុកម្ដាយត្រូវចុះឈ្មោះបង្កើតគណនីជាមុនសិន មុននឹងកូនអាចចុះឈ្មោះបង្កើតគណនីខ្លួនឯងបាន។ ក្នុងគណនីឪពុកម្ដាយ ឬអាណាព្យាបាលមួយ អាចមានគណនីកូនរហូតដល់៤នាក់។

គណនីឪពុកម្ដាយមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ។ គណនីកូនម្នាក់ៗត្រូវតែបង់ប្រាក់ដាច់ដោយឡែកពីគ្នា។ ក្នុងករណីមានការប្រើប្រាស់គណនីតែមួយ ដោយអ្នកប្រើប្រាស់ពីរនាក់ ក្រុមហ៊ុនមិនទទួលខុសត្រូវក្នុងការខាតបង់នៃការប្រើប្រាស់សេវានោះទេ។ ពោលគឺឪពុកម្ដាយនឹងបាត់បង់ឱកាសក្នុងការតាមដានកូនម្នាក់ៗថាតើពួកគេ​ធ្វើអ្វីខ្លះ ដោយប្រើរយៈពេលប៉ុន្មាន និងបានលទ្ធផលអ្វី។ កុំព្យូទ័រនឹងចាត់ទុកថា រាល់ព័ត៌មានទាំងអស់គឺជាព័ត៌មានរបស់អ្នកប្រើប្រាស់តែម្នាក់ ទោះបីជាមានអ្នកប្រើប្រាស់លើសពីម្នាក់ក៏ដោយ។

លេខកូដសម្ងាត់មួយសម្រាប់គណនីមួយ។ ដើម្បីបានលេខកូដសម្ងាត់ អ្នកប្រើប្រាស់ត្រូវជាវតាមរយៈការបង់ប្រាក់តាមធនាគារវីង (Wing)។

រយៈពេលនៃការប្រើប្រាស់សេវារបស់គណនីនីមួយៗគឺអាស្រ័យទៅលើជម្រើសដែលអ្នកប្រើប្រាស់បានជ្រើសរើស ដូចជា បីខែ ប្រាំមួយខែ ឬមួយឆ្នាំ។ នៅពេលរយៈពេលប្រើប្រាស់អស់សុពលភាព អ្នកប្រើប្រាស់ត្រូវជាវលេខកូដថ្មីដើម្បីបន្តការប្រើប្រាស់តទៅទៀត។ សូមពិនិត្យរយៈពេលលេខកូដសម្ងាត់របស់លោកអ្នក ដោយការពិនិត្យមើល​កាលបរិច្ឆេទចាប់ផ្ដើម និងកាលបរិច្ឆេទផុតកំណត់នៃលេខកូដសម្ងាត់នីមួយៗ នៅត្រង់កន្លែងអ្នកវាយលេខកូដសម្ងាត់ចូលជាលើកដំបូង។

តម្លៃនៃការប្រើប្រាស់អាស្រ័យលើរយៈពេលនៃការប្រើប្រាស់ និងការជ្រើសរើសខ្លឹមសារក្នុងគេហទំព័រ។ នៅពេលនេះ យើងមានតែភាសាខ្មែរសខ្មែរ និងភាសាអង់គ្លេស។ តម្លៃនៃការប្រើប្រាស់គឺអាស្រ័យទៅតាមមុខវិជ្ជា និងចំនួនអ្នកប្រើប្រាស់។ តម្លៃដែលលោកអ្នកឃើញនោះ (១០ដុល្លារសម្រាប់បីខែ ១៥ ដុល្លារសម្រាប់៦ខែ និង២០ដុល្លារសម្រាប់មួយឆ្នាំ) គឺជាតម្លៃសម្រាប់មួយមុខវិជ្ជា និងសម្រាប់អ្នកប្រើប្រាស់ម្នាក់។

ប្រាក់ដែលបង់ហើយ មិនអាចទាមទារយកវិញបានទេ។

៤         សុវត្ថិភាពគណនី

នៅពេលអ្នកប្រើប្រាស់ចុះឈ្មោះប្រើប្រាស់ អ្នកត្រូវផ្ដល់ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់។ អ្នកត្រូវទទួលខុសត្រូវសុវត្ថិភាពគណនីដោយខ្លួនឯង។

៥         ដំណើរការគេហទំព័រ

ដូចបានរៀបរាប់ខាងដើម យើធ្វើបច្ចុប្បន្នភាពគេហទំព័រជាទៀងទាត់។ ដូច្នេះ វាអាចមានការអាក់ខាននៅពេលណាមួយ ដែលអ្នកប្រើប្រាស់កុំពុងតែប្រើ។ យើងខ្ញុំសុំអភ័យទោសទុកជាមុន បើការរអាក់រអួលនេះកើតឡើងចំពោះលោកអ្នក។

៦         កម្មសិទ្ធិអ្នកនិពន្ធ

រាល់ខ្លឹមសារនៅក្នុងគេហទំព័រទាំងអស់ត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាង ដោយក្រុមហ៊ុនសង្កប្ប អនុវត្តន៍។ លើកលែង​តែផ្នែកដែលអនុញ្ញាតដោយ​ច្បាប់​ស្ដីពី​សិទ្ធិអ្នកនិពន្ធនិងសិទ្ធិ​​​ប្រហាក់ប្រហែលរបស់ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ២០០៣ គ្មានផ្នែកណាមួយនៃខ្លឹមសារក្នុងគេហទំព័រនេះ​ត្រូវ​បាន​បោះពុម្ព ​ថតចម្លង​ និងផ្សព្វផ្សាយជាទម្រង់ណាមួយ​ក្នុង​គោលបំណងអាជីវកម្ម​ ដោយគ្មានការយល់ព្រម​ជាលាយលក្ខណ៍​ពីក្រុម​ហ៊ុន​សង្កប្ប ​អនុវត្តន៍​ នោះទេ។

យើងប្រានប្រើប្រាស់ប្រភពមួយចំនួនដើម្បីជាជំនួយដល់ការរៀបចំខ្លឹមសារនៅក្នុងគេហទំព័រសង្កប្ប អនុវត្តន៍។ ពាក្យ​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​គេហទំព័រត្រូវបានដកស្រង់ចេញពីសៀវភៅ​ភាសា​ខ្មែររបស់​ក្រសួង​អប់​រំ​ យុវជន និង​កីឡា ​វចនានុក្រមខ្មែររបស់​​សម្ដេច​សង្ឃរាជជួនណាត និងវចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសាខ្មែរនៃ​រាជបណ្ឌិត្យ​សភាកម្ពុជា។

រូបនៅក្នុងគេហទំព័រត្រូវបានដកស្រង់ចេញពីប្រភព google search។ យើងបានប្រើមុខងាររុករក usage right នៅត្រង់ labelled for reuse ដើម្បីសម្រាំងយករូបដែលមិនបញ្ជាក់អំពីកម្មសិទ្ធិបញ្ញា។ រូបខ្លះត្រូវបានទាញយកពីប្រភពដែលអនុញ្ញាតឱ្យមានការប្រើដោយសេរី ដូចជា https://www.freepik.com/,   https://www.vecteezy.com/,  https://pixabay.com/

យើងទទួលខុសត្រូវចំពោះការរំលោភសិទ្ធិដោយអចេតនា ដោយការភាន់ច្រលំក្នុងការទាញយករូបមកប្រើប្រាស់ក្នុងគេហទំព័រយើងខ្ញុំ។ នៅពេលយើងបានទទួលសារពីម្ចាស់កម្មសិទ្ធិ យើងនឹងសម្របសម្រួលដើម្បីទទួលបានការប្រើប្រាស់ស្របច្បាប់ ឬដករូបនោះចេញវិញតែម្ដង។ យើងសូមអរគុណចំពោះម្ចាស់រូបដែលបានបង្ហោះនៅលើអ៉ីនធឺណិតសម្រាប់ការប្រើប្រាស់ទូទៅទុកជាមុន។ ដោយសេចក្ដីដឹងគុណពីសង្កប្ប អនុវត្តន៍។

៧         ការយល់ព្រម

អ្នកយល់ព្រមថា៖

  • ខ្ញុំមិនទាមទារអ្វីដែលមានលើសពីខ្លឹមសារក្នុងគេហទំព័រ ដែលខ្ញុំមើលឃើញក្នុងទំព័រដំបូងនោះទេ នៅពេលខ្ញុំចុះឈ្មោះប្រើប្រាស់។
  • ខ្ញុំមិនប្ដឹងផ្ដល់ចំពោះខ្លឹមសារ និងរចនាសម្ព័ន្ធដែលមាននៅក្នុងគេហទំព័រនោះទេ។
  • ខ្ញុំជាអ្នកទទួលខុសត្រូវក្នុងការរៀនសូត្ររបស់កូនខ្ញុំ ទោះបីជាបានលទ្ធផលយ៉ាងណាក៏ដោយ។
  • ខ្ញុំនឹងបញ្ជូនមតិរិះគន់របស់ខ្ញុំទៅក្រុមហ៊ុនដោយផ្ទាល់ដើម្បីជាការរួមចំណែករបស់ខ្ញុំក្នុងការធ្វើឱ្យការរៀនអនឡាញកាន់តែមានសុក្រឹតភាព។
  • ខ្ញុំនឹងធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នានាក្នុងគេហទំព័រនេះ។

 

ខ្ញុំសូមគូសសញ្ញា ✔  ក្នុងប្រអប់នេះដើម្បីបញ្ជាក់ការយល់ព្រមរបស់ខ្ញុំ។